ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងមានទំនុកចិត្តខ្ពស់ក្នុងការបន្តកុងត្រាថ្មីបន្ថែមទៀត ដល់ជូនអ្នកចាំទីឆ្នើមរបស់ខ្លួន គឺកីឡាករ Andriy Lunin។
ជាការពិតណាស់ កីឡាករវ័យ ២៥ឆ្នាំ បានបំពេញការងារយ៉ាងល្អបំផុតមួយ អំឡុងពេលអវត្តមានរបស់អ្នកចាំទីដៃទីមួយ កីឡាករ Thibaut Courtois ដែលកំពុងរងរបួសរយ:ពេលយូរ។
គួរឲ្យដឹង Lunin ទំនងជាមិនអាចឡើងមកកាន់តំណែងជាអ្នកចាំទីដៃទី១បាននោះឡើយ នៅពេល Courtois ត្រឡប់មកវិញនៅរដូវកាលក្រោយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្លិប Madrid មើលឃើញថាកីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ជាផ្នែកដ៏សំខាន់នៃគម្រោងរបស់ក្រុម និងចង់បន្ថែមកុងត្រាថ្មីដល់គេ ឲ្យស្នាក់នៅទឹកដី Santiago Bernabeu បន្តទៀត។
មិនតែប៉ុណ្ណោះ បើតាមអ្នកជំនាញផ្នែកទីផ្សារលោក Fabrizio Romano បានអះអាងថា ក្លិបយក្សអេស្ប៉ាញមួយនេះ មានទំនុកចិត្តខ្ពស់ថានឹងអាចធ្វើកិច្ចព្រមព្រៀង ដើម្បីបន្តការស្នាក់នៅរបស់ Lunin និងអាចប្រកាសជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខ។
ជម្រាបជូនផងដែរថា Lunin បានរក្សា Clean Sheet ចំនួន១០ លើក ក្នុងចំណោម ២៣ ប្រកួតនៅរដូវកាលនេះ ខណ: ៩ប្រកួតចុងក្រោយនៅក្នុងលីគ គេអាចរក្សា Clean Sheet បាន ៤លើក ៕
