ក្លឹប Manchester United និង Tottenham Hotspur បានកំណត់គោលដៅក្នុងការនាំយកខ្សែការពារ Jean-Clair Todibo ដែលអាចមានតម្លៃផ្ទេរត្រឹមតែ៤០លានផោន នេះបើយោងតាមការរាយការណ៍ពី talkSPORT
កីឡាករបារាំងរូបនេះ បានបង្ហាញសមត្ថភាពយ៉ាងល្អ តាំងពីត្រលប់ទៅទឹកដីកំណើតរបស់ខ្លួនវិញ ដោយចូលរួមក្លឹប Nice ក្រោយចាយពេល២រដូវកាលនៅ Barcelona។
Todibo បានដើរតួយ៉ាងសំខាន់ចំពោះការជួយ Nice ក្លាយជាក្រុមដែលមានប្រព័ន្ធការពាររឹងមាំបំផុតនៅ Ligue 1 ដោយរបូតគ្រាប់បាល់ត្រឹមតែ២០គ្រាប់ប៉ុណ្ណោះនារដូវកាលនេះ ហើយការលេងដ៏ល្អរបស់គេ បានទាក់ចិត្តក្លឹបធំៗនៅអង់គ្លេស។
ក្នុងចំណោមក្លឹបទាំងនោះមាន Man Utd និង Spurs ដែលចង់បានកីឡាករទៅពង្រឹងនៅតំបន់ការពារនៅរដូវក្ដៅនេះ ហើយ Todibo អាចនឹងបំពេញចន្លោះខ្វះខាតដែលពួកគេត្រូវការ។
ក្លឹប Nice ត្រូវបានរាយការណ៍ថា នឹងដាក់តម្លៃនៃការផ្ទេរ ខ្សែការពារបារាំងប្រមាណ៤០លានផោន ដែលសមល្មមឱ្យក្លឹបទាំងពីរខាងលើ ចំណាយដើម្បីទិញខ្សែការពារដ៏មានគុណភាពដូច Todibo៕
