ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណអ្នកចាត់ការរបស់ Bayern Munich បច្ចុប្បន្នលោក Thomas Tuchel ជាបេក្ខភាពមកជំនួសលោក Erik ten Hag នៅដំណាច់រដូវកាលនេះ ក្នុងករណីប្រសិនបើលោក Ten Hag ត្រូវបណ្តេញចេញពីតំណែង។
ជាការពិតណាស់ ស្ថានភាពរបស់ Ten Hag ជាមួយ Man UTD ឥឡូវនេះហាក់មិនសូវល្អប្រសើរប៉ុន្មានទេ ហើយម្យ៉ាងទៀតកៅអីរបស់លោកក៏កំពុងឡើងកម្តៅខ្លាំងផងដែរ បន្ទាប់ពីលោកដឹកនាំក្រុមបិសាចក្រហមកន្លងមកមិនសូវទទួលបានលទ្ធផលល្អ ខណៈម្ចាស់ភាគហ៊ុនលោក Sir Jim Ratcliffe កំពុងតែពិចារណាលើអនាគតរបស់បុរសវ័យ ៥៣ ឆ្នាំរូបនេះ។
បើយើងនិយាយពីស្ថានភាពជាក់ស្តែងបច្ចុប្បន្ន លទ្ធភាពដែលលោក Tuchel មកដឹកនាំ Man UTD វាអាចនឹងក្លាយជារឿងពិបាក ដោយសារតែលោកកំពុងនៅដឹកនាំ Bayern នៅឡើយ ប៉ុន្តែយោងតាមការចុះផ្សាយរបស់កាសែត Telegraph បានឱ្យដឹងថា លោក Tuchel ឥឡូវនេះកំពុងទទួលរងសម្ពាធខ្លាំងជាមួយការដឹកនាំក្លិបយក្សរបស់ អាល្លឺម៉ង់ ក្រោយឥឡូវនេះ Bayern កំពុងឈរនៅលេខរៀងទី ២ ពីក្រោមក្រុម Bayer Leverkusen នៃលីគ Bundesliga។
ប្រភពដដែលបានបន្ថែមថា លោក Tuchel ក៏តែងតែទទួលរងនូវការរិះគន់ចំពោះការដឹកនាំរបស់លោកពីសំណាក់វីរបុរសរបស់ក្លិបជាញឹកញាប់ផងដែរ ដូច្នេះហើយទើបធ្វើឱ្យលោកមានបំណងចង់ត្រឡប់មកដឹកនាំក្លិបនៅអង់គ្លេសវិញ ប្រសិនបើលោកត្រូវ Bayern Munich បណ្តេញចេញពីតំណែង។
